ម្នាក់ៗសុទ្ធតែសាច់សខ្ចី តែកម្មវិធី តម្រូវឲ្យតារាទាំងនេះ ចុះត្រាំទឹក ចាប់ឈ្លើង មើលហើយព្រឺរោម (មានវីដេអូ)


ភ្នំពេញ៖ ជារៀងរាល់សប្តាហ៍ កម្មវិធីផ្សងព្រេងល្បីឈ្មោះរបស់ប៉ុស្តិ៍បាយ័ន បេសកកម្មពិសេសវគ្គ២ តែងតែរិះរកនូវវិញ្ញាសារថ្មីៗប្លែកៗ និងពិបាកខ្លាំងបំផុតសម្រាប់បេក្ខជនទាំង៣គូ ដើម្បីប្រកួតប្រជែងគ្នា ស្វែងរកអ្នកខ្លាំងប្រចាំ បេសកកម្មពិសេសរដូវកាលទី២នេះ។  

ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី I Mission 2 បានធ្វើឲ្យទស្សនិកជន តាមដានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ ដោយសារ វិញ្ញាសារនៃការប្រកួតកាន់តែពិបាកខ្លាំងឡើងៗ និងកាន់តែស៊ីជម្រៅ ដែលតម្រូវឲ្យបេក្ខជនប្រកួតទាំងអស់ បានស្គាល់គ្រប់រសជាតិ មានទាំងយំ រន្ធត់ ភ័យខ្លាច និងបង្ខំចិត្តធ្វើអ្វី ដែលខ្លួនឯងខ្លាច និងមិនធ្លាប់ធ្វើពីមុនមកថែមទៀតផង។


ជាក់ស្តែង ដូចជាកាលពីម្សិលមិញ ជាសប្តាហ៍ចុងក្រោយបង្អស់នៃកម្ម I-Mission 2 ឬអាចហៅបានថា ជាវគ្គផ្តាច់ព្រ័ត្ររកឃើញអ្នកឈ្នះយ៉ាងពិតប្រាកដ ប្រចាំបេសកកម្មពិសេសរដូវកាលទី២នេះ។ ក្នុងនោះផងដែរ វិញ្ញាសារដែលធ្វើឲ្យបេក្ខជនទាំងអស់ ក៏ដូចជាអ្នកទស្សនា ស្រៀវសាច់ខ្លាំងជាងគេបំផុតនោះ គឺជាវិញ្ញាសារតម្រូវឲ្យបេក្ខជនទាំងអស់ ត្រូវចុះចាប់ឈ្លើងដោយផ្ទាល់ដៃក្នុងម្នាក់ចំនួន៥ក្បាល។


ដោយឡែក ក្នុងនោះគេសង្កេតឃើញ ក្រុមទី៣ គឺតារាសម្តែងប្រុសលោក លីម៉ា និងតារាសម្តែងស្រីកញ្ញា ចរិយា បានធ្វើឲ្យទស្សនិកជនរំជួលចិត្តជាខ្លាំង ចំពោះភាពក្លាហ៊ាន និងការលះបង់របស់ដៃគូប្រុស។ យ៉ាងណាមិញ ដោយសារតែកញ្ញា ចរិយាខ្លាចឈ្លើងខ្លាំង មិនហ៊ានសូម្បីតែចុះទឹក លោក លីម៉ា ក៏បានលះបង់ សុខចិត្តដោះអាវចុះទៅអង្គុយត្រាំខ្លួននៅក្នុងទឹកបឹងជាច្រើនកន្លែង ដើម្បីឲ្យឈ្លើងទាមខ្លួនឯង ដែលមើលហើយមិនអាណិតមិនបាន។


ប៉ុន្តែមិនថាយ៉ាងណា ដល់វគ្គចុងក្រោយ ក្រុមរបស់អ្នកទាំងពីរក៏បានទៅដល់គោលដៅមុនគេ និងទទួលបានជ័យលាភីលេខមួយប្រចាំ បេសកកម្មពិសេសរដូវកាលទី២នេះផងដែរ។ រីឯ២ក្រុមផ្សេងទៀត គឺក្រុមលោក ណាខុន និង កញ្ញា ឌុច លីដា ទទួលបានជ័យលាភីទី២ និងក្រុមចុងក្រោយគឺក្រុមលោក រតនៈ ពិសិដ្ឋ និងកញ្ញា ស្រីនាថ ទទួលបានជ័យលាភីលេខ៣ផងដែរ៕










Comments